Tuesday, January 13, 2015

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប្រកាស​បញ្ចុះ​តម្លៃ​ភ្លើង​ត្រឹម​៦១០រៀល​ក្នុង​១គីឡូវ៉ាត់​សម្រាប់​អ្នក​ជួល​ផ្ទះ​នៅ​ភ្នំពេញ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) នឹង ​បញ្ចុះ​តម្លៃ​ភ្លើង​ដល់​កម្មករ និង​អ្នក​ជួល​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​ដទៃ​ទៀត ដែល​មក​ពី​តាម​ខេត្ត មក​ត្រឹម​៦១០រៀល ក្នុង​១​គីឡូវ៉ាត់​ម៉ោង សម្រាប់​អ្នក​ប្រើប្រាស់​ក្រោម ៥០គីឡូវ៉ាត់​ក្នុង​១ខែ។

ការ​ប្រកាស​បញ្ចុះ​តម្លៃ​ភ្លើង​នេះ ត្រូវ​បាន​លោក កែវ រតនៈ អគ្គនាយក អាជ្ញាធរ​អគ្គិសនី​កម្ពុជា ផ្ញើ​សារ​ដល់​កម្មករ និង​អ្នក​ជួល​ផ្ទះ​ទាំង​អស់ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ធ្វើ​ការ​ជាមួយ​នឹង​ក្រសួង​រ៉ែ និង​ថាមពល និង​សាលា​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​មើល​ឡើងវិញ​នូវ​តម្លៃ​អគ្គិសនី​តាម​ផ្ទះ​ជួល ដែល​ម្ចាស់​ផ្ទះ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ដល់​អ្នក​ជួល​ផ្ទះ ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​ជាដើម។
លោក ហ៊ុន សែន អះអាង​​ក្នុង​ពិធី​បើក​សម្ពោធ​ឲ្យ​ដំណើរ​នៃ​វារីអគ្គិសនី ឫស្សី​ជ្រំ ស្ថិត​ក្នុង​ស្រុក​មណ្ឌល​សីមា នៃ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ១២ ខែ មករា ថា តម្លៃ​ភ្លើង​តាម​ផ្ទះ​ជួល មាន​តម្លៃ​ខ្ពស់​ជាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា លក់ ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ទាំងនោះ នាំ​ឲ្យ​​ដាក់​បន្ទុក​បន្ថែម​ទៀត​ដល់​កម្មករ ដែល​ជួល​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ដែល​កំពុង​ធ្វើ​ការ​តាម​រោងចក្រ​សហគ្រាស​នានា។
ប្រធានបណ្តាញអគ្គិសនីកម្ពុជា លោក ហង់ ទូច ធ្វើសន្និសីទ​កាសែត​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៤។

Tags:

0 Responses to “អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប្រកាស​បញ្ចុះ​តម្លៃ​ភ្លើង​ត្រឹម​៦១០រៀល​ក្នុង​១គីឡូវ៉ាត់​សម្រាប់​អ្នក​ជួល​ផ្ទះ​នៅ​ភ្នំពេញ”

Post a Comment

© 2013 Post News. All rights reserved.
Designed by SpicyTricks