Wednesday, June 1, 2016

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 5

នៅក្នុងឆ្នាំ 2016 នេះ យើងសង្កេតឃើញ​មាន ស្មាតហ្វូន ជា​ច្រើន​បាន ប្រកួត​ប្រជែង​គ្នា ចេញ​លក់​នៅ​លើ ទីផ្សារ ដែល​ក្នុង​នោះ​មាន​ដូច​ជា Galaxy S7, LG G5, Huawei P9, រឺក៏ HTC 10 ជា​ដើម ហើយ​សម្រាប់ Mi 5 នេះ គឺជាការដើរលើ ក្រឡាអុកថ្មី របស់ក្រុមហ៊ុន Xiaomi ហើយវាក៏ធ្វើអោយ ស្មាតហ្វូន​កំពូល ផ្សេងៗ​ទៀត ពិបាកក្នុងការលក់ នៅក្នុងប្រទេសមួយចំនួន ផងដែរ ដូចជា ចិន និងឥណ្ឌា។ ហើយ​នេះ​ក៏​ដោយសារតែ Xiaomi មានការគាំទ្រច្រើនបំផុត នៅក្នុងប្រទេសដែលមាន ប្រជាជនច្រើន ហើយ​គោលដៅធំបំផុតរបស់ Xiaomi នោះ គឺផលិតស្មាតហ្វូន ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និង​មាន​តម្លៃ​ថោក​សមរម្យ។

វាមានតម្លៃ ត្រឹមតែ 400$ ជាងតែប៉ុណ្ណោះ តែវាត្រូវបានបំពាក់ ដោយកម្លាំងម៉ាស៊ីនខ្លាំង និងគុណភាព នៃការផលិត ដ៏ល្អ ដែលបានវេចខ្ចប់ នៅក្នុងស្មាតហ្វូន មួយនេះ។ ចង់ដឹងអោយកាន់តែច្បាស់ ថាតើ Mi5 នេះ ពិសេសយ៉ាងណានោះ សូមតាមដាន ការបង្ហាញលក្ខណៈសម្បត្តិ ដោយខេមបូ ទាំងអស់គ្នា។
រចនាបថ
មើលពីខាងក្រៅ Mi 5 ខ្ចីការរចនាច្រើនពី Note 5 និង Mi Note ដូចជាកញ្ចក់ខាងក្រោយ រាងកោង ដែល​ជា​ប្រភេទកញ្ចក់ Gorilla Glass 4 ជាដើម។ វាមានទម្ងន់ស្រាលទេ គឺត្រឹមតែ 129 ក្រាមតែប៉ុណ្ណោះ ហើយ​មិនតែប៉ុណ្ណោះ វាក៏ងាយនឹងប្រឡាក់ស្នាមម្រាមដៃ ផងដែរ។

ងាកមកមើល ផ្នែកខាងឆ្វេង នៃទូរស័ព្ទ យើងសង្កេតឃើញមាន ប៊ូតុងបន្ថែមបន្ថយសម្លេង និងប៊ូតុង Power មួយ ចំណែកឯផ្នែកខាងស្តាំ នៃទូរស័ព្ទវិញ យើងសង្កេតឃើញមានតែ រន្ធសម្រាប់ដាក់ ស៊ីមកាត ដែលអាចប្រើប្រាស់ បានចំនួន 2 តែប៉ុណ្ណោះ។ នៅផ្នែកខាងលើ យើងសង្កេតឃើញមាន រន្ធសម្រាប់​ដោត​កាស, រន្ធស្រូបសម្លេង និងរន្ធ IR Blaster សម្រាប់បញ្ជា ឧបករណ៍អេឡិចត្រូនិច។ ចំណែកឯ ផ្នែកខាង​ក្រោម យើងសង្កេតឃើញមាន រន្ធសាកថ្ម Type-C និងរន្ធបំពងសម្លេង អមសង​ខាង​វា។
អេក្រង់
Mi 5 មានអេក្រង់ទំហំ 5.15 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញ រូបភាពបានក្នុងកម្រិត 1080p និង​មាន​ដង់ស៊ីតេអេក្រង់ 428 ppi។
ប្រព័ន្ធប្រតិបត្តិការ
វាត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 820 ដែលមានស៊ីភីយូចំនួន 8 គ្រាប់ អមកដោយ​រ៉េម​ទំហំ 3GB (សម្រាប់ Mi 5 ធម្មតា) និង 4GB សម្រាប់ (Mi 5 Pro edition) ព្រមទាំងប្រើប្រាស់​បន្ទះ​ឈីប​ក្រាហ្វិក Adreno 530។ វាមានអង្គចងចាំ ខាងក្នុងម៉ាស៊ីនចំនួន 3 ជម្រើស ដូចជា 32/64GB សម្រាប់ Mi 5 ធម្មតា និង 128GB សម្រាប់ Mi 5 Pro edition។
វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Mashmallow 6.0 ស្រោបដោយ MIUI 7.0 ចេញ​ពី​ប្រអប់​ស្រាប់។ សម្រាប់ថាមពលថ្ម របស់វា មានទំហំ 3000mAh ភ្ជាប់មកជាមួយនឹង មុខងារ Fast Battery Charging ដែលអាចសាកថ្ម ក្នុងរយៈពេល 30 នាទី បាន 83 ភាគរយ។
កាមេរ៉ា
Mi 5 បានបំពាក់ដោយកាមេរ៉ា ខាងក្រោយទំហំ 16 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture f/2.0 និងមានភ្លើង Flash LED ភ្លោះមួយគ្រាប់ ព្រមទាំងអាច ថតវីដេអូបានដល់កម្រិត 4K ផងដែរ។ ដោយឡែក ចំពោះកាមេរ៉ាខាងមុខវិញ មានទំហំ 4 មេហ្គាភិចសែល ដែល Len របស់វាមាន Aperture ដូចគ្នា គឺ f/2.0 និងអាចថតវីដេអូបាន ក្នុងកម្រិត Full HD 1080។
ចំណាប់អារម្មណ៍
និយាយពីចំណាប់អារម្មណ៍ ទៅលើស្មាតហ្វូន មួយនេះ ខ្ញុំយល់ថា ត្រឹមតម្លៃ 400$ ជាងនេះ គឺពិសេស​ណាស់​ហើយ បើយើងគិតទៅលើ ការរចនា កម្លាំងម៉ាស៊ីន របស់វានោះ ហើយបើធៀបទៅនឹង ស្មាតហ្វូន​កំពូល របស់ក្រុមហ៊ុន ផ្សេងៗទៀតនោះ គឺមានតម្លៃស្មើនឹង ពាក់កណ្តាល តែប៉ុណ្ណោះ។ អញ្ចឹងហើយ សម្រាប់​ប្រិយមិត្ត ដែលមានថវិកា​ល្មម ហើយចង់ប្រើប្រាស់ ស្មាតហ្វូន ដែលមានកម្លាំងខ្លាំងនោះ អាច​ពិចារណា ទៅលើម៉ូឌែល មួយនេះបាន។ Xiaomi Mi 5 នេះ ក៏មានដាក់លក់ហើយ នៅលើទីផ្សា ប្រទេស​កម្ពុជា​យើង ដែរហើយ ដែលអ្នកទាំងអស់គ្នា អាចស្វែងរក និងជាវបាន នៅតាមបណ្តាហាងលក់ ទូរស័ព្ទ​នានា។
ទស្សនាវីដេអូ បង្ហាញលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ




Source From: Cambo-report.com

Tags:

0 Responses to “ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 5”

Post a Comment

© 2013 Post News. All rights reserved.
Designed by SpicyTricks