Thursday, January 22, 2015
តើ Mark Zuckerberg នៅប្រើវិជ្ជាគុណសរសេរកូដទៀតទេ ស្របពេល Facebook កំពុងល្បីពេញពិភពលោកទៅហើយ?
លោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Facebook
គឺជាអតីតនិស្សិតរៀននៅសាកលវិទ្យាល័យ Harvard
ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
ម្ចាស់បណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីល្បាញរូបនេះ
មានដុងពីកំណើតខាងបច្ចេកវិទ្យា ដោយនៅអាយុប្រហែលត្រឹមតែ
១២ឆ្នាំប៉ុណ្ណោះ
លោកមានសមត្ថភាពអាចបង្កើតកម្មវិធីផ្ញើសារឆ្លងឆ្លើយគ្នាដំបូង
សម្រាប់ប្រើនៅក្នុងគ្រួសារបានទៅហើយ ដែលកម្មវិធីនោះមានឈ្មោះថា
ZuckNet ពឹងផ្អែកលើភាសា Atari BASIC។
តាមរយៈសមិទ្ធផលកម្មវិធីផ្ញើសារ ZuckNet
នេះបានជួយសម្រួលដល់ការងារនៅគ្លីនិកធ្មេញរបស់ឪពុកលោក។
កម្មវិធីនេះ ត្រូវបានបុគ្គលិកទទួលផ្ញៀវ ប្រើដើម្បីប្រាប់ដល់លោក
Edward Zuckerberg (ឪពុករបស់លោក Mark Zuckerberg)
នៅពេលមានភ្ញៀវមកកាន់គ្លីនិក
ដោយមិនចាំបាច់ស្រែកប្រាប់ពីចម្ងាយនោះទេ។ កម្មវិធី ZuckNet
ថែមទាំងត្រូវបានប្រើនៅក្នុងផ្ទះផងដែរ
ដើម្បីងាយស្រួលទាក់ទងសមាជិកគ្រួសារ ខណៈពេលពួកគេមិននៅជិតគ្នា។
នៅមានការសាងសមិទ្ធផលអស្ចារ្យមួយទៀត
ស្ថិតត្រឹមវ័យសិក្សាកម្រិតវិទ្យាល័យប៉ុណ្ណោះរបស់លោក Mark Zuckerberg
ដែលលោកមានសមត្ថភាពអាចបង្កើតកម្មវិធីចាក់(លេង) ចម្រៀង (Music app)
មានឈ្មោះថា Synapse Media Player។ ដោយសារតែបែបនេះ
ទើបក្រុមហ៊ុនបច្ចេកវិទ្យាធំចំនួន២ គឺ AOL និង Microsoft
បានព្យាយាមទាក់ទងលោកឱ្យចូលបម្រើការក្នុងក្រុមហ៊ុនរបស់ខ្លួន
ទាំងដែលខ្លួនកំពុងរៀនត្រឹមថ្នាក់វិទ្យាល័យសោះ។ អំឡុងវ័យនោះដែរ
លោកនិងមិត្តភ័ក្ដិក៏បាននាំគ្នាបង្កើតជាហ្គេមកុំព្យូទ័រសម្រាប់
លេងកម្សាន្តខ្លួនឯងថែមទៀត។
ដោយសារឃើញថាលោក Zuckerberg មានដុង ចូលចិត្តខាងកុំព្យូទ័រដូច្នេះ
ឪពុកម្ដាយរបស់លោកបានជួលគ្រូ (លោក David Newman)
មកបង្ហាត់ដល់ផ្ទះម្ដងក្នុងមួយសប្ដាហ៍។ Zuckerberg
ចូលចិត្តរៀនមុខវិជ្ជាសរសេរកូដ
(ការបង្កើតកម្មវិធីដោយប្រើភាសាកូដ) រហូតមានពេលមួយ
ឪពុកម្ដាយលោកជូនកាដូសៀវភៅ C++ សម្រាប់អ្នកមិនទាន់ចេះសោះដល់លោក។
បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ និងបានឈានឡើងសាកលវិទ្យាល័យ
Harvard បានត្រឹមឆ្នាំទី២ ដែលពេលនោះលោក Mark Zuckerberg
បានបង្កើតសមិទ្ធផលថ្មីមួយទៀតគឺជា កម្មវិធីឈ្មោះថា “CourseMatch”
សម្រាប់សម្រួលដល់និស្សិតក្នុងការជ្រើសរើសថ្នាក់រៀន
អាស្រ័យតាមមុខវិជ្ជាផ្សេងៗគ្នា។ ក្រោយមកត្រូវបាន
រដ្ឋបាលសាលាបិទចោលឈប់ឱ្យនិស្សិតប្រើ
ខណៈ ដែលកម្មវិធីនេះកំពុងទទួលបានប្រិយភាពយ៉ាងខ្លាំង។
កំពុងរៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅ Harvard លោក Zuckerberg
ក៏សម្រេចចិត្តចោលការសិក្សាត្រឹមឆ្នាំទី២
ដោយសារលោកចាប់ផ្ដើមមមាញឹកខ្លាំងដកខ្លួនមិនរួចពី Facebook
កំពុងដំណើរការ បន្ទាប់ពីលោកបានបង្កើត thefacebook នៅថ្ងៃទី៤
ខែកុម្ភៈ ឆ្នាំ២០០៤។ ចុះតើ សព្វថ្ងៃលោក Mark Zuckerberg
នៅបន្តសរសេរកូដកម្មវិធីណាមួយ ឬកូដពាក់ព័ន្ធនឹងបណ្ដាញ Facebook
ឬទេ?
បើយោងតាមសារព័ត៌មាន TechCrunch ឱ្យដឹងថា លោក Mark Zuckerberg
សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook
ធ្លាប់បាននិយាយថា ពេលខ្លះលោកនៅតែឆ្លៀតសរសេរកូដ(coding)
បែបកម្សាន្តសប្បាយ (សរសេរលេងៗ) ប៉ុណ្ណោះ។
នៅពេលអ្នកសារព័ត៌មានដាក់មួយសំណួរថា តើលោក Mark Zuckerberg
នៅតែសរសេរកូដទៀតឬយ៉ាងណា ពេលនោះលោកផ្ដល់ចម្លើយលក្ខណៈលេងសើចថា៖
«គ្រប់យ៉ាងដែលខ្ញុំធ្វើឲ្យកើតកំហុស
យើងនឹងជួសជុលអ្វីទាំងនោះឱ្យបានយ៉ាងលឿន»។
លោក Mark Zuckerberg អាចមិនចង់ផ្ដោតលើការសរសេរកូដទៀតនោះទេ
ម្យ៉ាងដោយសារ Facebook មានអ្នកអភិវឌ្ឍកម្មវិធី (Developer) ជំនាញៗ
ពោរពេញដោយបទពិសោធន៍ សមត្ថភាពខ្ពស់សម្រាប់ថែទាំ និងដោះស្រាយលើផ្នែក
Software ស្រាប់។ ទន្ទឹមនោះ លោកក៏មិនទុកពេលទំនេរចោលនោះដែរ
គឺលោកត្រូវទទួលបន្ទុកលើកិច្ចការផ្សេងៗកាន់តែមមាញឹកជាងការអង្គុយ
សរសេរកូដទៅទៀត
ជាក់ស្ដែងដូចជាការជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន
បច្ចេកវិទ្យាឯទៀត ឬប្រមុខរដ្ឋក្នុងបណ្ដាប្រទេសណាមួយ
ដើម្បីចែករំលែកបទពិសោធន៍ ព្រមទាំងដើម្បីការអភិវឌ្ឍក្រុមហ៊ុន Facebook
បន្ថែមទៀត។ នេះគឺជាហេតុផលដែលលោក Mark Zuckerberg
ក្នុងពេលបច្ចុប្បន្នស្ទើរតែលែងសូវខ្វល់អំពីការសិក្សាកូដទៅហើយ
ពោលគឺមានបុគ្គលិក Developer ដ៏ជំនាញក្នុងក្រុមហ៊ុនស្រាប់ហើយ។
គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៤កន្លងទៅ លោក Mark Zuckerberg
ធ្លាប់ត្រូវបានអង្គការមិនរកប្រាក់ចំណេញផ្នែកអប់រំចំណេះដឹង
ពាក់ព័ន្ធការសរសេរកម្មវិធី Code.org
អញ្ជើញលោកឱ្យចែករំលែកពីបទពិសោធន៍ពាក់ព័ន្ធផ្នែកវិទ្យាសាស្ត្រ
កុំព្យូទ័រ។
គោលបំណងរបស់អង្គការគឺដើម្បីបណ្ដុះបណ្ដាលផ្នែកសរសេរកម្មវិធីផ្ដោត
លើតក្ក (Programming Logic)
សូម្បីតែសិស្សតួចៗកម្រិតត្រឹមបឋមសិក្សាក៏អាចរៀនសូត្របានផងដែរ។
លោក Mark Zuckerberg បានបង្ហាត់តាមអនឡាញ
អំពីមេរៀនរបៀបបង្កើតវីដេអូហ្គេមដល់ក្មេងៗនៅក្នុងអង្គការមិនរក
ប្រាក់ចំណេញ Code.org តាមគេហទំព័រ studio.code.org។
សូមបញ្ជាក់ថា លោក Mark Zuckerberg បានបង្កើត Facebook
ដំបូងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដែលបណ្ដាញទំនាក់ទំនងសង្គមនេះ
មានឈ្មោះអាសយដ្ឋានដំបូងគឺ Thefacebook.com។ ពេលនោះ
បណ្ដាញសង្គមដំបូងនេះ អាចឱ្យអ្នកប្រើ បង្កើត profile
ដោយបញ្ចូលនូវព័ត៌មានផ្ទាល់ខ្លួន និងរូបថត។ ដំបូងឡើយ Facebook
ត្រូវសាធារណជនសន្មតថា
គ្រាន់តែបង្កើតសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងនិស្សិតក្នុងថ្នាក់រៀន
ប៉ុណ្ណោះ ប៉ុន្តែគេមិននឹកស្មានដល់ថា Facebook
ត្រូវបានបើកទូលាយឱ្យសាធារណជនបានប្រើប្រាស់គ្រប់គ្នាក្នុង
ឆ្នាំ២០០៦ និងល្បីល្បាញរហូតដល់បច្ចុប្បន្ន៕
Tags: Internation News
This post was written by: Author Name
Author description goes here. Author description goes here. Follow him on Twitter
Get Updates
Subscribe to our e-mail newsletter to receive updates.
0 Responses to “តើ Mark Zuckerberg នៅប្រើវិជ្ជាគុណសរសេរកូដទៀតទេ ស្របពេល Facebook កំពុងល្បីពេញពិភពលោកទៅហើយ?”
Post a Comment